មនុស្ស​បី​នាក់​ ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ រឿង​កិបកេង​ប្រាក់​បុណ្យ​សព​បណ្ឌិត​ កែម​ ឡី

ភ្នំពេញ​៖ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ លោក​ ប៉ា​ ងួន​ទៀង​ និង​ លោក​ មឿន​ តុលា​ ត្រូវ​បាន​លោក​ គុជ​ គឹមឡុង​ ព្រះ​រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពីបទ​”រំលោភ​លើ​ទំនុក​ចិត្ត​”តាម​មាត្រា​៣៩១និង​មាត្រា​៣៩២នៃ​ក្រម​ព្រហ្មទណ្ឌ​។

ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងតាមបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា​ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ដោយស្នើឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញស៊ើបអង្កេតស្វែងរកការពិតលើ គណៈកម្មការចំពោះថវិកាដែលបងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ចូលបុណ្យសពលោកបណ្ឌិត កែម ឡី។​

ការប្តឹងរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីម្តាយ និងប្អូនប្រុសសពលោក កែម ឡី បានលើកឡើងពីការបាត់បង់ថវិកា និងមិនទទួលបានថវិកាពីពិធីបុណ្យសព ដែលមានប្រជាពលរដ្ឋបានចូលបុណ្យយ៉ាងច្រើននោះ។

ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់លោក គុជ គឹមឡុង បង្ហាញ​ថា បន្ទាប់ពីបានពិនិត្យសំណុំរឿង និងភស្តុតាងដែលបានដាក់ដោយ លោក ពេជ្រ ស្រស់ លោកក៏បានសម្រេចចោទប្រកាន់បុគ្គលទាំង ៣អង្គ/រូបនេះ ពីបទរំលោភលើទំនុកចិត្ត ហើយក៏បានបញ្ជូនសំណុំរឿងទៅកាន់ ចៅក្រមស៊ើបសួរផងដែរ។

នៅក្នុងដីកាសន្និដ្ឋានរបស់លោក គុជ គឹមឡុងបានគូសបញ្ជាក់ថា ព្រះតេជគុណ ប៊ុន ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ និងក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើសកុំឲ្យកើតមានជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង