ទណ្ឌិត​សម​ រង្ស៊ី​ ដែលញុះញង់​ឱ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​

ភ្នំពេញ​៖ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​ទណ្ឌិត​ សម​ រង្ស៊ី​ ដែល​ញុះញង់​ឱ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​ស្រប​នៃ​កម្ពុជា​។ បច្ចុប្បន្ន​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ក្រោម​រូបភាព​ជនត្រូវចោទ​នៅ​ក្រៅ​ឃុំ។ នេះ​បើ​តាម​មន្ត្រី​តុលាការ​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៨​ ខែ​មករា​ ឆ្នាំ​២០១៨​ នេះ​។

ទណ្ឌិត​សម​ រង្ស៊ី​ ត្រូវ​បាន​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​បទ ​”ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់​ និង​ធ្វើ​ឱ្យ​ខូច​ទឹក​ចិត្ត​កង​ទ័ព”​ តាមមាត្រា​៤៧១​និង​មាត្រា​៤៧២នៃ​ក្រម​ព្រហ្មទណ្ឌ​។

បទល្មើស​នីមួយៗ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​។

នៅក្នុងពាក្យបណ្តឹងរបស់​លោក វង្ស ភក្តី មេធាវីតំណាងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ​ រៀប​រាប់​ថា នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧​ ឈ្មោះ សម រង្ស៊ី បានញុះញង់ឱ្យកងកម្លាំងកុំឱ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋា​ភិ​បាល​ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរួចហើយលោកសៀង សុខ ព្រះរាជអាជ្ញារងនៃ​អយ្យការ​អមសាលាដំបូងរាជ​ធានី​ភ្នំពេញបានកោះអញ្ជើញលោក វង្ស ភក្តី មេធាវីតំណាងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទឲ្យចូលបំភ្លឺនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ និងកោះហៅទណ្ឌិតសម រង្ស៊ីឱ្យចូលបំភ្លឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៨​​ខាង​មុខ​នេះ។​ ប៉ុន្តែទណ្ឌិតសម រង្ស៊ីមិនចូលតាមការកំណត់ទេ។

សូមបញ្ជាក់ថា កាលពី​រសៀលថ្ងៃទី០​៦​ ខែធ្នូ ឆ្នាំ២០១៧​ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ​ បានថ្លែងនៅក្នុងសន្នីសិទ​សារព័ត៌មាន​ថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ ហើយចង់ឱ្យដាក់ទោស ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។

លោក ប៉ុល សារឿន បានអះអាងទៀតថា កងយោធពលខេមរភូមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយ។ លោកថ្លែងថា ការអំពាវនាវនេះ បានធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធាន​គណ​បក្ស​សង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែរកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង