ក្រសួងពាណិជ្ជកម្ម រកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័ត

ភ្នំពេញ៖ នៅទីបំផុត ក្រសួងពាណិជ្ជកម្ម បានរកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធី ព័ត៌មានតាមទូរស័ព្ទចល័តហើយ បន្ទាប់ពីបាន ដាក់ឲ្យដំណើរការកម្មវិធីនេះ នៅក្នុង Play Store នៃប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេលជិត ៣ខែ ដើម្បីសាធារណជនអាចតាមដានរាល់សេចក្តីជូនដំណឹង និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុងក្រសួងពាណិជ្ជកម្ម។

បេក្ខជនជ័យលាភីលើកដំបូងនេះ មានឈ្មោះថា កៅ ដូច ដែលលោកគឺជាប្រជាពលរដ្ឋ ដែលបាន ប្រើប្រាស់កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័តច្រើនជាងគេ ដោយក្នុងនោះលោកមិនត្រឹមតែចូលទៅមើលគ្រប់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានចុច Like និងចែករំលែកស្ទើគ្រប់ព័ត៌មានទាំងអស់ នៅលើកម្មវិធីបណ្តាញសង្គមហ្វេសប៊ុកថែមទៀត។

ដើម្បីថ្លែងអំណរគុណដល់លោក កៅ ដូច នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការប្រគល់រង្វាន់លើកទឹកចិត្តមួយចំនួន និងបានអំពាវនាវដល់​សាធារណ​ជន ធ្វើការទាញយកកម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ទៅប្រើប្រាស់ឲ្យបានកាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។

សូមបញ្ជាក់ថា កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មតាមទូរស័ព្ទចល័ត គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

អត្ថបទដែលជាប់ទាក់ទង