ស្វែងយល់ពីប្រវត្តិ និងអត្ថន័យនៃពិធីបុណ្យ Valentine’s Day ឬ ថ្ងៃបុណ្យ នៃសេចក្តីស្រលាញ់

ភ្នំពេញ៖ Valentine’s Day ឬ ថ្ងៃបុណ្យ នៃសេចក្តីស្រលាញ់ ដែលយុវវ័យមួយចំនួនហៅថា ថ្ងៃបុណ្យសង្សារ​ជាថ្ងៃដែលរៀបចំដើម្បីរំលឹកដល់សេចក្តីស្រលាញ់របស់បព្វជិតជនជាតិរ៉ូម៉ាំងដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រឡាញ់។

បច្ចុប្បន្នបុណ្យនេះ កំពុងចាក់ឫសក្នុងដួងចិត្តរបស់ ប្រជាជននៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងស្រទាប់​យុវវ័យ​។ Valentine’s Day​ ត្រូវបានគេប្រារព្ធឡើងនៅក្នុងថ្ងៃទី១៤ ខែកុម្ភៈ រៀងរាល់ឆ្នាំ ហើយឲ្យតែដល់ថ្ងៃនេះ ពួកគេតែងតែទិញអំណោយផ្កាកូឡាបជូនអ្នកដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះផុងខ្លួនលះបង់ខ្លួនប្រាណដើម្បីបង្ហាញ​ពីក្តីស្រឡាញ់ចំពោះសង្សាររបស់ខ្លួនទៀតផង។

តើ Valentine’s Day​ មានប្រវត្តិបែបណាខ្លះ? នៅពេលនេះសូមលើកយកនូវប្រវត្តិបុណ្យនេះជូនលោកអ្នកស្វែងយល់ដូចខាងក្រោម៖

Saint Valentine ជាឈ្មោះ បព្វជិត ដែលមានកំណើត នៅក្នុងប្រទេសរ៉ូមនៅក្នុងរជ្ជកាលអធិរាជ ClaudiusII។ នៅក្នុងប្រវត្តិជនជាតិរ៉ូម៉ាំង ថ្ងៃទី១៤ កុម្ភៈ គឺជាថ្ងៃឈប់សំរាកសំរាប់គោរពដល់ព្រះមហាក្សត្រិយានី របស់ប្រទេសនេះ។ ប្រជាជនរ៉ូម៉ាំង បានចាត់ទុកព្រះរាជនីថាជាព្រះជាម្ចាស់តំណាងឲ្យនារីទាំងអស់នៅក្នុងប្រទេស និងជាព្រះជាម្ចាស់នៃអាពាហ៍ពិពាហ៍ដ៏ស្រស់បំព្រងមួយ។ ពិធីនេះត្រូវបានគេធ្វើភ្ជាប់ជាមួយបុណ្យ Lupercalia ជាបុណ្យធ្វើឡើង សំរាប់បណ្តេញឆ្កែចចកដែលតែងតែមកបំផ្លាញដំណាំនៅតាមឈូងសមុទ្រ និងជាពិធីមួយដែលប្រជាជនធ្វើឡើងសំរាប់​សុំឲ្យដំណាំរបស់គេកាន់តែទទួលបានផលច្រើនជាងឆ្នាំចាស់។

សម័យកាលនោះ ការរស់នៅរបស់កំលោះ និងនារីក្រមុំត្រូវបានគេចែកអោយនៅដាច់ពីគ្នា និងតឹងរ៉ឹងបំផុត។ ប៉ុន្​តែក្នុងថ្ងៃបុណ្យ Lupercalia កំលោះ និងក្រមុំត្រូវបានគេអនុញ្ញាតអោយជួបគ្នា។ ស្រីក្រមុំជនជាតិរ៉ូម៉ាំងទាំងអស់ត្រូវ​សរសេរឈ្មោះរបស់ពួកគេដាក់ក្នុងដប និងបណ្តែតតាមទឹកហើយកំលោះៗជាអ្នកចាំទទួលដបទាំងនោះ។ អ្នកដែលទទួលបានដបទាំងនោះ នឹងត្រូវជាគូនឹងនារីដែលមានឈ្មោះក្នុងដប។ ជាទូទៅពួកគេបានក្លាយជាគូស្នេហ៍នឹងគ្នាហើយអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។

នៅក្នុងសម័យកាលរជ្ជកាលអធិរាជ Claudius II ដែលត្រូវបានគេទទួលស្គាល់ថាជាសម័យបង្ហូរឈាម។ ដោយសារមាន​ការលំបាកក្នុងការបញ្ចុះបញ្ចូលអោយប្រជាជនពិសេសយុវជនចូលរួមធ្វើជាកងទ័ពព្រះរាជារូបនេះ យល់ឃើញ​ថាមូលហេតុដែលធ្វើអោយបុរសៗមិនព្រមធ្វើជាកងទ័ពពីព្រោះតែពួកគេមិនចង់ចាកចេញពីគ្រួសារ និងមនុស្ស ដែលគេស្រលាញ់។ ខណៈពេលនោះព្រះរាជាបានហាមឃាត់មិនឲ្យមានការរៀបអាពាហ៍ពិពាហ៍ និងការភ្ជាប់ពាក្យរវាងកំលោះ និងក្រមុំជនជាតិរ៉ូម៉ាំងទាំងនោះ។ ប្រជាជនមួយចំនួនធំមិនគាំទ្រចំពោះច្បាប់ដែលអធិរាជរូបនេះបាន​កំណត់ឡើយ។ ដោយសារតែដូចនេះហើយទើបលោក Valentine បានលួចរៀបអាពាហ៍ពិពាហ៍អោយគូសង្សារ មួយចំនួនដោយសំងាត់។ មិនយូរប៉ុន្មានសកម្មភាពនេះត្រូវបានគេដឹង។ ស្តេច Cludius បានចេញបទបញ្ជាអោយ ប្រហារជីវិតលោក Valentine ដោយកាត់យកបេះដូងរបស់គាត់នាថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២៧០ ដោយចោទពីបទគាំទ្រសាសនាគ្រឹស្ត ប្រឆាំងនឹងវប្បធម៌របស់ប្រទេស។

ក្នុងអំឡុងពេលឃុំឃាំងលោក Valentine បានលួចស្រឡាញ់កូនស្រីអ្នកយាមគុកម្នាក់ដែលតែងតែមកសួរសុខទុក្ខលោកនៅក្នុងមន្ទីរឃុំឃាំង។ មុនពេលកាត់ទោសប្រហារជីវិតលោក Valentine បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅ នារីដែលគាត់ស្រលាញ់។ ចុងបញ្ចប់នៃសំបុត្ររបស់គាត់បានសរសេរថា From Your Valentine ពាក្យនេះត្រូវបានគេ ប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។

បន្ទាប់ពីថ្ងៃដែលលោក Valentine ត្រូវបានគេប្រហាជីវិតពិធីបុណ្យ Lupercalia ក៏បានមកដល់។ ក្នុងពិធីនោះមនុស្សដែលមិនជឿសាសនាគ្រឹស្តមួយចំនួនធំបានចូលរួម។ ដោយចង់អោយប្រជាជនរ៉ូម៉ាំងមានជំនឿលើសាសនា គ្រឹស្តកាន់តែខ្លាំងនោះ អភិបាលរបស់វិហារសាសនាគ្រឹស្តបានដាក់បញ្ចូលឈ្មោះ លោក Valentines ក្នុងដបបណ្តែតតាមទឹកជាមួយនឹងឈ្មោះរបស់ស្រីក្រមុំជាច្រើនទៀត។ ឈ្មោះលោក Valentines ត្រូវបានគេប្រទះឃើញនៅក្នុងពិធី នោះចាប់តាំងពីពេលនោះមកហើយអភិបាលគ្រប់គ្រងពិធីបុណ្យនេះក៏សម្រេចចិត្តប្តូរឈ្មោះបុណ្យ Lupercalia ទៅ​ជាបុណ្យ Saint Valentine’s Day ហើយធ្វើឡើងនៅក្នុងថ្ងៃទី១៤ ដើម្បីធ្វើការរំលឹកដល់លោក Valentine ដែលបានរៀបចំអាពាហ៍ពិពាហ៍ដល់គូស្នេហ៏៍ដែលស្រលាញ់គ្នា។ ជាមួយគេនេះផងដែរការប្តូរឈ្មោះបុណ្យនេះ ក៏ជាការបង្ហាញថា ការជ្រើសរើសស្រីក្រមុំឲ្យកំលោះជនជាតិរ៉ូម៉ាំង ធ្វើឡើងដោយលោក Valentine ដែលជាព្រះនៃសេចក្តីស្រលាញ់។

ចាប់ពីថ្ងៃនោះមក១៤ កុម្ភៈ ត្រូវបានគេប្រារព្ធឡើងជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ឬមិត្ត យុវវ័យ មួយចំនួនហៅថា ថ្ងៃបុណ្យសង្សារ។

យ៉ាងណាក៏ដោយ សូមឲ្យប្រជាជនកម្ពុជាពិសេសយុវវ័យប្រើប្រាស់ពេលវេលាថ្ងៃទី១៤ កុម្ភៈ ជាពេលដ៏សប្បាយរីករាយជាមួយអ្នកដែលខ្លួនស្រឡាញ់ មិនមែនយកថ្ងៃនេះ ជាពេលដើម្បីឡើងផ្ទះសំណាក់ សណ្ឋាគារ លះបង់ខ្លួនប្រាណដើម្បីបង្ហាញពីសេចក្តីស្រឡាញ់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង