រឿង សោភ័ណ្ឌ មិនខ្លាចកីឡាករថៃ រុងគៀត បើចង់សងសឹក

ភ្នំពេញ៖ ក្រោយក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់ ភេសជ្ជៈប៉ូវកំលាំងគោជល់ ទម្ងន់ ៦៩គ.ក្រ អ្នកលេងកណ្ដាប់ដៃមហាទម្ងន់ រឿង សោភ័ណ្ឌ នឹងវិលត្រឡប់មកកាន់សង្វៀនសារជាថ្មី ស្វាគមន៏ការសុំសងសឹករបស់អ្នកប្រដាល់ជើងចាស់ថៃ រុងគៀត ដែលខ្លួនធ្លាប់ផ្ដួលសន្លប់ត្រឹមទឹកទី ២ ក្នុងកម្មវិធីដណ្ដើមប្រាក់លាន។ ជើងខ្លាំងទាំង ២ នឹងត្រូវប៉ះគ្នា នារសៀលថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិ ស្រាសាច់ដុំ។ ការផ្គូផ្គងកើតមានឡើង ក្រោយអ្នកលេងកែងពិឃាដឆ្លងដែនបង្ហើបថា

ការចាញ់របស់ខ្លួនលើកមុនកើតឡើងដោយសារភ្លាត់ស្នៀត មិនមែនចាញ់ដោយសមត្ថភាពពិតប្រាកដឡើយ។ រឿង សោភ័ណ្ឌ ក៏បានបើកចិត្តទទួលយកសំណើនេះដោយមិនបង្អង់ ព្រមទាំងបញ្ជាក់ថាបើសិនជា រុងគៀត ចង់​ប្រកួត​ដា​ក់​ដើម​ផាន់​ [ភ្នាល់ជាប្រាក់] ក៏ខ្លួនទទួលយកដែរ ឲ្យតែការប្រកួតស្ថិតក្នុងទម្ងន់ ៦៧គ.ក្រ ដល់ ៦៩គ.ក្រ។

ការប្រកួតដណ្ដើមប្រាក់លានកន្លងទៅ រុងគៀត បានយកឈ្នះ អ៊ុ ចំរើន ត្រឹមទឹកទី១ ចំណែកឯ រឿង សោភ័ណ្ឌ ចំណាយពេលដល់ទៅ ៣ ទឹកដើម្បីដណ្ដើមជ័យជម្នះលើ ម៉ាណាវថង។ ក្រោយបញ្ចប់ជុំទី ១ សិស្សគុនក្លឹប ម្ដុដរាជសីហ៍ មានបញ្ហារបួសហើមភ្នែក និងប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

ឃើញចំណុចខ្សោយនេះ រុងគៀត ដែលសល់កំលាំងពេញពីជុំទី ១ បានសម្រុកដាក់សម្ពាធលើអ្នកលេង គុនខ្មែរ តាំងពីដើមទឹកទី ១ និងមានប្រៀបឈ្នះពិន្ទុ។ ឈានដល់ទឹកទី ២ អ្នកទាំង ២ បន្តប្ដូរអាវុធទៅវិញទៅមក ទាំងកែង ម៉ាត់ ទាត់ និងជង្គង់ មិនបន្ធូរ​បន្ថយដៃឡើយ។ ដោយសម្រុកភ្លេចការប្រុងប្រយ័ត្ន និងមើលស្រាលលើគូប្រកួត រុងគៀត ដែលមានប្រៀបកម្ពស់ដាច់ បែជាត្រូវមួយជង្គង់ពេញដួលក្រោកមិនរួច៕

អត្ថបទដែលជាប់ទាក់ទង