រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបជាមួយ អគ្គរាជទូតនិងជាតំណាងអចិន្រ្តៃយ៍ នៃស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក

ទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងដំណើរបេសកកម្មអញ្ជើញមកចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានឆ្លៀតឱកាសដ៏មានតម្លៃជួបសំណេះសំណាលជាមួយ ឯកឧត្តម ពេជ ឫទ្ធី អគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍ និងមន្រ្តីទាំងអស់ នៃស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីស្ថានបេសកកម្មអចិន្ដ្រៃយ៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយជោគជ័យ ក្នុងពេលកម្ពុជា ជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រយៈពេល ០១ ឆ្នាំកន្លងមក ដែលនេះជាកិត្តិយសដ៏ឧត្តុង្គឧត្តម្ភរបស់កម្ពុជាលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានមតិណែនាំឲ្យមន្រ្តីនៃស្ថានបេសកកម្មទាំងអស់ខិតខំបំពេញការងារបន្តទៀត ដើម្បីទាញយកផលប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនានា សម្រាប់ជួយដល់ការអភិវឌ្ឍន៍កម្ពុជា ឲ្យស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងសមាហរណកម្មពិភពលោក។ លើសពីនេះទៀត ឯកឧត្តរដ្ឋមន្រ្តី បានណែនាំឲ្យមន្រ្តីនៃស្ថានបេសកកម្មអចិន្រ្តៃយ៍ ទាំងអស់ឲ្យសហការគ្នា ក្នុងការអនុវត្តន៍តួនាទី និងសកម្មភាពការងាររបស់ខ្លួនទាំងក្នុងនិងក្រៅស្ថាប័ន ដើម្បីធានានូវប្រសិទ្ធភាពការងារ និងការពារផលប្រយោជន៍ជាតិ៕

អត្ថបទដែលជាប់ទាក់ទង