ការពិតនៅពីក្រោយរឿង រូបថតរៀបការរបស់កូនក្រមុំដ៏ស្រស់ស្អាតជាមួយបុរសចំណាស់ម្នាក់

ប្រទេសចិន ៖  ប្រភពសារព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយដែលល្បីពេញបណ្តាញសង្គម ដោយសារតែកូនក្រមុំដ៏ស្រស់ស្អាតម្នាក់បែបជាមិនថតរូបរៀបការជាមួយកំលោះខ្លួនទេ តែបែរជាទៅថតជាមួយជីតារបស់ខ្លួនទៅវិញ។

រូបថតរៀបការរវាងកូនក្រមុំដ៏ស្រស់ស្អាត និងបុរសវ័យចំណាស់រូបនេះបានធ្វើអោយមនុស្សម្នាជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមមានការងឿងឆ្ងល់យ៉ាងខ្លាំង។ ក្រោយមកទើបមានការបកស្រាយពីកូនក្រមុំថា ការពិតបុរសចំណាស់ដែលនៅក្នុងរូបថតនោះគឺជាជីតាបង្កើតរបស់នាង។

តាំងពីតូចនាងតែងតែរស់នៅជាមួយនឹងលោកយាយលោកតា នាងបានបន្ថែមថាលោកតាមានការស្រលាញ់ថ្នាក់ថ្មមនាងជាខ្លាំងណាស់ គាត់តែងតែលួចអោយលុយនាងចាយទៀតផង។ តែការពី២ឆ្នាំមុនគាត់មានជម្ងឺដាច់សរសៃ​ឈាមខួរក្បាលនិងជម្ងឺបេះដូងត្រូវសម្រាកព្យាបាលក្នុងមន្ទីពេទ្យ ក្រោយពីគាត់បានដួលនៅក្នុងបន្ទប់ទឹកគាត់បានក្លាយជាមនុស្សពិការពាក់កណ្តាលខ្លួន។ Xue Wei បានចំនាយពេលប្រហែលជា៣ខែក្នុងការមើលថែរក្សាគាត់ នៅឯមន្ទីពេទ្យដើម្បីថែរក្សាជីតារបស់នាងដោយធ្វើការម៉ាស្សារាងកាយ និងជួយធ្វើចលនាអោយគាត់។

សុខភាពរបស់លោកតាដែលស្ថិតក្នុងអាយុ៨៧ឆ្នាំ គឺកាន់តែចុះទ្រុឌទ្រោម ឯការចងចាំរបស់គាត់ក៏កាន់តែមានភាពអន់ថយទៅៗ ធ្វើអោយនាងមានការបារម្ភពីគាត់ជាខ្លាំង។ នាងមិនដឹងថាពេលណាគាត់អាចនឹងចាកចេញពីនាងនោះទេ នាងមានការបារម្ភនិងភ័យខ្លាចថាគាត់មិនអាចនៅមើលឃើញនាងនៅក្នុងថ្ងៃមង្គលការបាន បែបនេះហើយទើបនាងនាំគាត់មកកាន់ស្ទួឌីយោថតរូបរៀបការ នាងចង់អោយគាត់បានឃើញភាពស្រស់ស្អាតរបស់នាងក្នុងឈុតរៀបការ។ បើតាមប្រភពបានឲ្យដឹងថានាងនឹងមានគម្រោងរៀបការឆាប់ៗនេះហើយ តែនាងធ្វើនេះឲ្យប្រាកដថាលោកតារបស់នាងបានមើលឃើញនាងក្នុងឈុតរៀបការបែបនេះដោយផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះនោះទេ នាងស្រលាញ់គាត់ដល់ថ្នាក់សាករូបគាត់នៅលើដៃខាងស្តាំរបស់នាងទៀតផង៕

 

អត្ថបទដែលជាប់ទាក់ទង