សិក្ខាសាលា ស្តីពីការបង្ហាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ សាកលវិទ្យាល័យក្នុងស្រុក និងក្រៅស្រុក

ភ្នំពេញ៖ នៅទីស្តីការក្រសួងនារសៀលថ្ងៃអង្គារនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការបង្ហាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) និង សកលវិទ្យាល័យ Nagoya និង South East Asia Center for Agriculture Study (SEARCA) អំពីវិទ្យាសាស្រ្តដំណាំស្រូវ និងការចញ្ចឹមគោយកទឹកដោះអនុវត្តដោយកម្មវិធី បណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាខា សកលវិទ្យាល័យ Nagoya នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមថ្នាក់ដឹកនាំក្រសួង Dr. Maria C.N Cuaresma តំណាង អង្គការ SEARCA Mr. Kotaro Tanaka តំណាងអង្គការ JICA Mr. Kenichi Bessho តំណាងស្ថានទូតជប៉ុន និងសាស្រ្តាចារ្យអញ្ជើញមកពីសាកលវិទ្យាល័យទាំង ពីរ។

ជារួមសិក្ខាសាលាមានគោលបំណងបង្ហាញពីសមិទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់និស្សិតថ្នាក់បណ្ឌិតជំទាន់ទី១ និងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ និងជាមួយអង្គការ SEARCA។

សាស្រ្តាចារ្យ ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ បានឲ្យដឹងថាបានធ្វើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាមួយ សកលវិទ្យាល័យ Nagoya តាំងពី២០០០ ហើយនៅឆ្នាំ២០១៤ សកលវិទ្យាល័យ Nagoya បានសម្រេចបង្កើតសាខាមួយនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងបំណងដើម្បីបណ្តុះបណ្តាលនិស្សិតថ្នាក់បណ្ឌិតកសិកម្មដល់មន្រ្តីក្រោមឱវាទក្រសួង រហូតមកទល់បច្ចុប្បន្នមាន ៤ជំនាន់ និងមាននិស្សិតចំនួន៧នាក់ដែលបានទទួល អាហារូបករណ៍បន្តការសិក្សាថ្នាក់បណ្ឌិត។

ក្នុងឱកាសនេះសាស្រ្តាចារ្យ Fumio Isoda សាកលវិទ្យាធិការ សកលវិទ្យាល័យ Nagoya បានរាយការណ៍ជូនជ្រាបដោយសង្ខេបពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលនិងអភិវឌ្ឍធន ធានមនុស្សសម្រាប់វិស័យកសិកម្មនារយៈពេលកន្លងមក។

នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានផ្លែងអំណរគុណជូនចំពោះស្ថានទូតជប៉ុន អង្គការ JICA អង្គការ SEARCA និងជាពិសេស Nagoya University ដែលបានជួយគាំទ្រអស់ពីកំលាំងកាយចិត្តទាំងសម្ភារ ថវិកា និងធនធានសាស្រ្តាចារ្យដើម្បីបង្កើតនិងបន្តជំរុញឲ្យសាកលវិទ្យាល័យមួយនេះមានដំណើរការល្អតាំងពីពេលចាប់ផ្តើមរហូតមកទល់បច្ចុប្បន្ន ជាសក្ខីភាព ថ្ងៃនេះមាននិស្សិត​ថ្នាក់បណ្ឌិតចំនួន០២ រូប គឺបណ្ឌិតងិន ឆាយ និងបណ្ឌិតប៉ុន ចាន់ នឹងធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវវិទ្យា​សាស្រ្ត​អំពីដំណាំស្រូវនិងគោទឹកដោះ។

នេះគឺជាធនធានមនុស្សដែលពោរពេញដោយចំណេះដឹងនិងបទពិសោធន៍សម្រាប់កសាងនិងអភិវឌ្ឍវិស័យកសិកម្មសមស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការអភិវឌ្ឍធនធានមនុស្សដែលជាគ្រឹះមួយយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។

តាមការសិក្សាស្រាវជ្រាវរបស់ក្រសួងបានបង្ហាញថា កំលាំងពលកម្មក្នុងវិស័យកសិកម្មមានការធ្លាក់ចុះជាបន្តបន្ទាប់ ដូច្នេះការបណ្តុះបណ្តាលធនធានមនុស្សដែលពោរពេញដោយសមត្ថភាព ព្រមជាមួយនិងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ គឺសមស្របទៅនឹងវិបត្តិនៃកង្វះខាតពលកម្មកសិកម្ម ព្រមជាមួយនិងគោលនោបាយរបស់ក្រសួងក្នុងការជំរុញការធ្វើទំនើបកម្មកសិកម្មដើម្បីបង្កើនទិន្នផល និងបង្កើនផលិតភាពផលិតកម្មសំដៅដល់ការកាត់បន្ថយថ្លៃដើមផលិត កាត់បន្ថយកំលាំងពលកម្ម ធានាបានទាំងបរិមាណនិងគុណភាព សនិ្តសុខស្បៀងនិងអាហារូបត្ថម្ភ៕

អត្ថបទដែលជាប់ទាក់ទង