សាលារាជធានីភ្នំពេញ អំពាវនាវរកសប្បុរសជនជួយផ្តល់អំណោយដក់កងទ័ព

ភ្នំពេញ៖ យោងតាមសេចក្តីអំពាវនាវរបស់ សាលារាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលសាលារាជធានីភ្នំពេញ សូម ជម្រាបជូនដល់លោក លោកស្រី សប្បុរស ជន និងមន្ដ្រីរាជការទាំងអស់ ចូលរួមផ្ដល់អំណោយថវិកា ស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅសមរភូមិមុខ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងនៅព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងកងទ័ពឈរជើងនៅតំបន់អូរឡាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌នៃការចែករំលែក ហើយអំណោយទាំងអស់ អាច យកទៅប្រគល់ជូន ទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ។

សូមជម្រាបថា កងយោធពលខេមរភូមិន្ទ ដែលប្រតិភូសាលារាជធានីភ្នំពេញ នឹងចុះសួរសុខទុក្ខនោះរួមមាន កងពលធំអន្ដរាគមន៍លេខ៣, កងពលតូចអន្ដរាគមន៍លេខ៩ និងវរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចលេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រង ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ៕​

អត្ថបទដែលជាប់ទាក់ទង