នារីរូបស្រស់បើករថយន្ដសេរីទំនើបក្នុងស្ថានភាពស្រវឹងបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងនិងបង្កគ្រោះថ្នក់ដល់រថយន្ដមួយគ្រឿងផ្សេងទៀត

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបទាំងស្ថានភាពស្រវឹងស្រាជោកជាំក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្អៀងជើង ហើយរបាំងថ្មខ្ទាតទៅបុកនិងរថយន្តកាមរីបាឡែន​ដែលកំពុងធ្វើដំណើរបញ្ច្រាស់គ្នាបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
‎​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ខាងកើតស្តុបបូកគោប្រហែល១០០ម៉ែត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
‎ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុគឺមានរថយន្តបង្កស៊េរីទំនើបម៉ាក KIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1115 ដែលបើកបរដោយនារីម្នាក់ស្រវឹងស្រាជោកជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ និងខ្ទាតទៅបុករថយន្តកាមរីបាឡែន​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-5179 ដែលបើកបរដោយបុរសម្នាក់ បានធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យចំពីមុខរថយន្តពេញទំហឹង រងការខូចខាត ។ ដោយឡែករថយន្តបង្កវិញ បានក្រឡាប់ផ្អៀងរងការខូចខាតផងដែរ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
‎ ក្រោយកើតហេតុ នារីរូបស្រស់ដែលបើករថយន្តបង្កខាងលើនោះត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនយកទៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ ដើម្បីរងចាំដោះស្រាយ ។ ចំណែករថយន្តបង្ក និងរថយន្តរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយកទៅរក្សាទុកនៅស្នងការដ្ឋាន នៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង