មេបញ្ចាការ វរៈសេនាតូចការពារព្រំដែនគោក លេខ៦០៣ ត្រូវបានស្នងការខេត្តតាកែវចំអកថាខ្វះសមត្ថភាព

ខេត្តតាកែវ៖ លោកស្នងការនិយាយបែបនេះនៅចំពោះមុខមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាង៥០០នាក់ នៅក្នុងពិធីប្រជុំបូកសរុបសភាពការណ៏លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែ និងប្រកាសផ្ទេរកិច្ចតែងតាំងមុខតំណែងបំពាក់ឋានន្តរស័ក្តជូនមន្ត្រីនគរបាលជាតិកាលពីរល្ងាចថ្ងៃទី ១៣ ខែមីនា ២០១៨ ។

លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បាននិយាយចំចំថា លោក កែវ សឿន មេបញ្ជាការ វរៈសេនាតូចការពារព្រំដែនគោក លេខ៦០៣ ធ្វើការកន្លងមក មិនមានភាពរីកចម្រើនក្នុងទីបញ្ជាការ និងធ្វើអោយទីបញ្ជាការដ្ឋានកាន់តែអន់ថយទៅៗ ខណៈដែលមានប្រាក់ឧបត្តម្ភពីភាគីមិត្តនៃប្រទេស វៀតណាមជារាងរាល់ឆ្នាំដើម្បីធ្វើការអភិវឌ្ឍន៏នៅក្នុងទីបញ្ជាការ ។

ភ្លាមៗនោះ លោកស្នងការនគរបាលខេត្តតាកែវ ក៍បានចាត់អោយស្នងការរងទទួលផែនព្រំដែនចំនួន ២រូប ត្រូវចុះពិនិត្យរាល់ចំនុចអសកម្មរបស់មេបញ្ចាការខាងលើនោះ ដើម្បីប្រមូលព័ត៍មានផ្សេងៗ ហើយនិយាយថែមថាទីបញ្ជាការពារវរៈមួយទាំងមូល មិនអាចថា គ្មានកន្លែងសម្រាប់កូនចៅដេក និងជ្រកកោណនោះទេ ចំបាច់ណាស់នៅក្នុងទីបញ្ជាការវរៈការពារព្រំដែននេះ គឺត្រូវមានកំលាំងច្រើនជានិច្ច ពីព្រោះកងកំលាំងទាំងនេះ គឺជាកំលាំងស្នូល និងជាកំលាំងជួរមុខ ដែលត្រៀមលក្ខណៈជានិច្ច ២៤ម៉ោង លើ២៤ម៉ោង សម្រាប់ការមានអាសន្នអ្វីផ្សេងៗ ។ តែបែជាទីបញ្ជាការវរៈការពារព្រំដែនដ៏ធំមួយទាំងមូល នៅសល់តែកងកំលាំងតែ ៨ទៅ ៩នាក់ទៅវិញ មិនស្មើនិងកំលាំងប៉ុស្តិ៏រដ្ឋបាលផង ដូច្នេះលោកស្នងការ រង ទាំងពីររូបដែលទទួលផែនលើកិច្ចការងារព្រំដែនត្រូវពិនិត្យឡើងវិញ និងពង្រឹងកំលាំងឡើងវិញ តែបើសិនជាលោកមេបញ្ជាការនោះធ្វើមិនកើត គឺមានអ្នកថ្មី ដែលគេអាចធ្វើអោយ ទីបញ្ជាការដ្ឋាននេះមានការអភិវឌ្ឍន៏និងរីកចម្រើនទៅមុខ មិនអាចបណ្តោយអោយគាត់បំបាក់ស្មារតីកងកំលាងនគរបាលរបស់យើងនោះទេ ។

លោកបន្តថា ជាមេបញ្ជាការវរៈការពារព្រំដែនមួយរូប ដែលឋិតនៅជាប់ភាគីមិត្តនៃប្រទេស វៀតណាម យើងត្រូវចេះទំនាក់ទំនងល្អ សហការគ្នាលើ ការងារព្រំដែន និងចេះដោះស្រាយដោយសន្តិវិធី រវាងភាគីមិត្តនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសផ្ទេរកិច្ច និងបំពាក់ឋាន្តរសិក្តជូនមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាល្ងាចនេះគឺ មានចំនួន ៥១៥រូប ស្រី៨រូប ក្នុងនោះមន្ត្រីនគរបាលដែលត្រូវបំពាក់ឋានន្តរសិក្ត ថ្នាក់វរសេនីយ៍ទោ ចំនួន០៤នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន ០៤នាក់ ថ្នាក់អនុសេនីយ៍ឯក ចំនួន២៩០នាក់ ថ្នាក់អនុសេនីយ៍ទោ ចំនួន៧៥នាក់ ថ្នាក់អនុសេនីយ៍ត្រី ចំនួន ៥៣នាក់ ថ្នាក់ព្រិន្ទបាលឯក ចំនួន០៨នាក់ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន១៤នាក់។

 

អត្ថបទដែលជាប់ទាក់ទង