ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលពង្រឹង សមត្ថភាពជនបង្គោលយេនឌ័រ តាមអង្គភាព ក្រោមឱវាទក្រសួង

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាពក្រោមឱវាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំឡើងដោយក្រុមការងារយេនឌ័រ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេលបីថ្ងៃ ក្រោមអធិបតីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រ ជាការងារមួយ ចាំបាច់ដែលទាមទារនូវការពង្រឹងសមត្ថភាពជាប្រចាំ ជាក់ស្តែងវគ្គបណ្តុះបណ្តាលរយៈពេល ០៣ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹង សមត្ថភាពជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យយល់ច្បាស់ពីអនុសាសន៍ទាំង១១ចំណុចរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជាអនុប្រធានកិតិ្តយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបាន ដាក់ចេញនៅក្នុងអំឡុងពេលកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០១៨របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី ស្រ្តី គោលគំនិតនៃការបញ្រ្ជាបយេនឌ័រ បច្ចុប្បន្នភាពអនុសញ្ញាស៊ី-ដ នៃអង្គការ សហប្រជាជាតិ ពិធីសារតាមជម្រើស ក្របខណ្ឌគោលនយោបាយលើកកម្ពស់ ស្រ្តីភាពជាអ្នក ដឹកនាំឆ្នាំ២០១៨ គោលនយោបាយយេនឌ័រក្នុងវិស័យ TVET ស្ថានភាពស្រ្តី ក្នុងវិស័យបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងផែនការ ថវិកាឆ្លើយតបនឹងយេនឌ័រ ហើយប្រែក្លាយការយល់ដឹងដែលទទួលបាននាពេល នេះ ឲ្យទៅជាសកម្មភាពជាក់ស្តែងពិតប្រាកដ ។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភានេះ ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើសារៈសំខាន់របស់ស្រ្តី ក្នុងការចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ។ ជាក់ស្តែងរាជរដ្ឋាភិបាលមាន “ យុទ្ធសាស្រ្តចតុកោណ “ ដែលបានកំណត់ នូវគោលដៅនៃការជំរុញ កំណើន សេដ្ឋកិច្ច ការបង្កើតការងារ ជូនពលករកម្ពុជា ឲ្យបានពេញលេញ ការលើកស្ទួយ សមធម៌ និងយុត្តិធម៌សង្គម ព្រមទាំងការ ពង្រឹង ប្រសិទ្ធភាព ក្នុងវិស័យមុខងារសាធារណៈ។ តាមរយៈការអនុវត្តកម្មវិធី កែទម្រង់ផ្សេងៗ ដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយក្នុងយុទ្ធសាស្រ្ត នេះ ក៏បានគូសបញ្ជាក់ច្បាស់ថា “ ស្រ្តីគឺជាឆ្អឹងខ្នង “ នៃសេដ្ឋកិច្ច និងសង្គមជាតិ យើង ។

ទន្ទឹមនឹងនេះ ដើម្បីអភិវឌ្ឍលម្អិតបន្ថែមលើចក្ខុវិស័យ ដែលមាននៅក្នុង យុទ្ធសាស្រ្តចតុកោណនេះ រាជរដ្ឋាភិបាលបានរៀបចំឯកសារផែនការសំខាន់ មួយទៀត គឺ “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ២០១៤-២០១៨” ដែលបានសំយោគបញ្ចូលគ្នា នូវផែនការយុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ និង ផែនការសកម្មភាពអភិបាលកិច្ចដែលមានរួមបញ្ចូលទាំង កំណែទម្រង់រដ្ឋបាល សាធារណៈថ្នាក់ជាតិផងដែរ។ ក្រៅពីនេះ រាជរដ្ឋាភិបាលមានគោលនយោបាយ និងផែនការនៅតាមក្រសួងស្ថាប័នដែលឆ្លើយតបទៅនឹង តម្រូវការរបស់ស្ត្រីនៅ ក្នុងគ្រប់វិស័យ។

តាមរយៈយុទ្ធសាស្ត្រខាងលើនេះ រាជរដ្ឋាភិបាល បានផ្តោតទៅលើការធ្វើ អោយមានសមភាពយេនឌ័រ នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គមដែលមានការរើស អើងចំពោះស្ត្រី និងការធានានូវសិទ្ធ និងឱកាសទទួលបាននូវការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និង ឱកាសចូលរួមប្រាស្រ័យដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍន៍ សេដ្ឋកិច្ច – សង្គម ក៏ដូចជាការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីអោយ ស្ត្រីអាចជៀសផុតពីអំពើហឹង្សា ការជួញដូរ ការរំលោភសេពសន្ធវៈ និងរាល់ទម្រង់ ដ៏ទៃទៀតនៃអំពើហឹង្សា។ ចំណែកដ៏សំខាន់មួយទៀត ក្នុងកិច្ចការនេះ គឺការយក ចិត្តទុកដាក់បង្កើនសមមាត្រនៃការចូលរួមរបស់ស្រ្តីអោយបានច្រើនជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់កម្រិតតាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន។

សម្រាប់ឆ្នាំ២០១៨នេះ ក្នុងការចូលរួមអនុវត្តអនុសាសន៏ ១១ចំណុច របស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានចំណុចពាក់ព័ន្ធចំនួន ០៤ ក្នុងនោះអនុសាសន៏ទី១ អនុសាសន៏ទី៦ ទី៩ និងទី១១ ដែលតម្រូវឱ្យគ្រប់ អង្គភាពក្រោមឱវាទចូលរួម អនុវត្តអោយមានប្រសិទ្ធភាព ហើយសិក្ខាសាលា នាថ្ងៃនេះ គឺជាសារមួយ បង្ហាញពីការចូលរួមក្នុងការអនុវត្ត អនុសាសន៏ទាំង១១ ចំណុចរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង