គ្រាន់តែ​ខឹង​ជាន់​ជើង​ កាប់​ស្លាប់​មួយ​រំពេច​

កំពង់ធំ​ ៖គ្រាន់តែ​ខឹង​ដើរ​ជាន់​ជើង​ សន្សំ​ជា​គំនុំ​លប​កាប់​ស្លាប់​មួយ​រំពេច​ តែ​ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​ ។ហេតុការណ៍​ឃាតកម្ម​គិត​ទុក​ជា​មុន​នេះ​ កើត​ឡើង​កាលពី​យប់រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។

សមត្ថកិច្ច​ អះអាងថា​ ជនរងគ្រោះឈ្មោះ យាត សុផល អាយុ២៣ឆ្នាំ មានទីលំនៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម រីឯជនសង្ស័យដែលជាដៃដល់ឈ្មោះ ចៀន សុខចាន់ ហៅចាន់រះ​អាយុ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។ អ្នកទាំងពីរបានមកស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះឈ្មោះ តាំង ផេង ភេទប្រុស នៅភូមិកំពង់ធំ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ​មកធ្វើការជាកម្មករ (រោងពុម្ភ)។

មុនពេលកើតហេតុនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ អ្នកទាំងពីរ​ បានដេកស្នាក់នៅជាមួយកម្មករ៨នាក់ទៀត។ នៅពេលក្រោកពីដេកម៉ោងប្រហែល៥ព្រឹក ជនរងគ្រោះ បានក្រោកពីដេក ក៏ដើរជាន់ដៃជនដៃដល់ ហើយបានប្រកែកគ្នា មួយសន្ទុះក៏ចប់ទៅ។

ក្រោយមក ជនដែលស្លាប់ និងកម្មករ៨នាក់ទៀត បាននាំគ្នាទៅធ្វើការ នៅរោងពុម្ភផ្សារកំពង់ធំ ។ ចំណែកជនដៃដល់ ពុំទៅធ្វើការទេ។ លុះពេលល្ងាចកម្មករទាំងអស់ បានមកផ្ទះចំណែកជនដៃដល់ ក៏នៅផ្ទះដែរ ពុំទៅណាទេ ហើយក៏បានដេកក្នុងមុងជាមួយគ្នាដូចសព្វមួយដង។ ពេលកំពុងតែដេកលក់ទាំងអស់គ្នា ជនដៃដល់បានយកកាំបិត(កាកុក) កាប់ទៅលើជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ពេលនោះជនដៃដល់ក៏រត់ចេញពីផ្ទះ ក៏ត្រូវកម្មករទាំងអស់ ដេញតាមចាប់រហូត មកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ដាត់ដំរីជាន់ខ្លា ហើយត្រូវបាន​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយពីធ្វើកោសល្យវិច័យ​រួច សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង