អាជ្ញាធរ​ខិតខំ​ តែ​អ្នកលក់ឈើនៅតំបន់ច្រាំងបាក់ ធ្វើ​ឱ្យ​អ្នកដំណើរក្តៅក្រហាយនឹងយានយន្តចតគ្មានសណ្តាប់ធ្នាប់

ភ្នំពេញ៖​ទោះបីជាអាជ្ញាធរ​ខណ្ឌច្បារអំពៅបានណែនាំនិងចុះរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារ​យ៉ាងណាក៏ដោយ បញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅកំណាត់ផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់រហូតទៅដល់ច្រាំងបាក់មានចម្ងាយប្រហែលជា១០០០ម៉ែត្របានធ្វើ​ឱ្យ​អ្នកដំណើរឆ្លងកាត់តំបន់នេះមានការខឹងសម្បាររៀងរាល់ថ្ងៃ ដោយសារតែអ្នកលក់ដូរនៅអម​សងខាង​ផ្លូវ យកចិញ្ចើមផ្លូវធ្វើជាកន្លែងចតយានយន្តគ្រប់ប្រភេទ ជាពិសេសទីតាំងដេប៉ូលក់ឈើជិត៥០កន្លែងបានយកផ្លូវធ្វើជាកន្លែងដាក់ឈើ រថយន្តធុនធ្ងន់ចូលទៅដឹកឈើ និងដាក់ឈើចុះ ទាំងថ្ងៃទាំងយប់ បណ្តាលឲ្យកំណាត់ផ្លូវនេះតូចចង្អៀតស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ។

អ្វីដែលធ្វើ​ឱ្យ​មហាជនរិះគន់ខ្លាំងជាងគេនោះគឺតំបន់លក់ឈើនេះតែម្តងថ្ងៃណាក៏​ដូចថ្ងៃណាដែរ ពោរពេញរថយន្តដឹកឈើធុនធ្ងន់ចូលទៅដាក់ឈើចុះ និងដឹកឈើចេញ ។ កំណាត់ផ្លូវបេតុងនៅកន្លែងលក់ឈើបានក្លាយជាទីចំណត​សម្រាប់រថយន្តដឹកឈើនីមួយៗរបស់ម្ចាស់ដេប៉ូឈើដោយមិនគិតថាទង្វើបែបនេះធ្វើ​ឱ្យ​បាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះឡើយ ចង់មហាជនរិះគន់រិចមាត់ក៏​មិនខ្វល់ដែរ ។ ផុតពីកន្លែងដេប៉ូឈើ​ នៅ​មានដេប៉ូអេតចាយមួយ​កន្លែងទៀតកំពុងតែធ្វើ​ឱ្យ​អ្នកដំណើរមិនពេញចិត្តផងដែរដោយសារម្ចាស់ ដេប៉ូអេតចាយយកផ្លូវបេតុងធ្វើជាកន្លែងដាក់លក់សម្ភារៈផ្សេងៗ ។ មួយចំណុចទៀតនៅក្បែរដេប៉ូលក់អេតចាយមានជាងជួសជុលម៉ូតូ១កន្លែង​ បានយកផ្លូវលេខ៣៦៩ធ្វើជាកន្លែងជួសជុលម៉ូតូផងដែរ ។

អាជ្ញាធរ​បញ្ជាក់​ថា​ ផ្លូវ​លេខ​ ៣៦៩នេះគឺ​មានភាពស្មុគស្មាញមែន កន្លងមកអាជ្ញាធរបានចុះរៀបចំសណ្តាប់ធ្នាប់និងណែនាំ​ច្រើន​ដងមកហើយ តែបញ្ហាសណ្តាប់ធ្នាប់នេះនៅតែកើតមានដដែល ។ ទោះជាជួបបញ្ហាប្រឈមយ៉ាង ណាក៏ដោយ អាជ្ញាធរនឹងខិតខំរកវិធីដោះស្រាយឲ្យបាន ៕

អត្ថបទដែលជាប់ទាក់ទង