នៅថ្ងៃទី២០ ខែមីនា សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូទៅថៃ ដើម្បីពិភាក្សាបញ្ហាព្រំដែន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមលេខា នៃគណៈកម្មា ធិ ការព្រំដែនទូទៅកម្ពុជា បានបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជាពិភាក្សាកិច្ច ការព្រំដែនជាមួយប្រទេសថៃ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ ខាងមុខនេះ។

លោកបញ្ជាក់បែបនេះ ក្នុងឱកាសលោកអញ្ជើញក្នុងពិធីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងការទទួលខុសត្រូវ របស់អ្នកនាំពាក្យដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ដល់ក្រុមអ្នកនាំពាក្យក្នុងក្រសួង សម្រាប់យកទៅប្រើប្រាស់ក្នុងការនាំសាររបស់អង្គភាព ទៅកាន់អ្នក សារព័ត៌ មាន និងសាធារណជនឲ្យបានល្អ និងត្រឹមត្រូវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។

នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត បានថ្លែងយ៉ាងដូច្នេះថា «ជាមួយប្រទេសថៃ ក៏យើងនៅមានបញ្ហា ហើយនៅថ្ងៃទី ១៩ ខែមីនា ក្រុមលេខានឹងទៅប្រជុំកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៣ ហើយនៅថ្ងៃទី២០ ខែមីនា សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំ​ប្រតិភូទៅប្រជុំជាមួយលោក ប្រាវីត វង្សសុវណ្ណឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិថៃ អំពីបញ្ហាទូទៅទាក់រឿងព្រំដែនប្រទេសទាំងពីរ»។

នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត បានបន្តថា ការអញ្ជើញដឹកនាំប្រតិភូរបស់ប្រមុខការពារកម្ពុជា គឺដើម្បីពិភាក្សាពីពាក់ព័ន្ធបញ្ហាលើរឿងព្រំដែន រវាងប្រទេសទាំងពីរ អ្វីទាំងនេះបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំកម្ពុជា ទៅលើកិច្ចការពារបូរណភាពដែនដីជាមួយប្រទេសជិតខាងផងដែរ។

ប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជារូបនេះ បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយប្រទេសជិត ខាងអ្នកនាំពាក្យត្រូវតែយល់ពីអ្វី ដែលបានកើតឡើងហើយដូចជាបញ្ហាព្រំដែនកម្ពុជា-ឡាវ យើងបានចរចាជាច្រើនមកហើយដោយចុះទៅមើលចំណុចជាក់ស្តែងថាត្រូវគ្នា ប៉ុន្តែធ្វើឯកសារលែងត្រូវទាំង នេះអ្នកនាំពាក្យត្រូវចាប់អារម្មណ៍លើបញ្ហានេះឲ្យបានច្បាស់លាស់ជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង