Update: តៃកុងរថយន្ដដឹកប្រេងក្រុម ហ៊ុនL.H.R សង្ស័យងងុយដេកបើករថយន្ដក្រឡាប់ធ្លាក់ផ្លូវ

ភ្នំពេញ៖ តៃកុងរថយន្ដដឹកប្រេងរបស់ក្រុមហ៊ុនL.H.R សង្ស័យងងុយដេកបើករថយន្ដក្នុងល្បឿនលឿនរេចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងវាលស្រែ២-៣ត្រលប់បណ្ដាលអោយតៃកុងរថយន្ដរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងនៅចណុចភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ កាលពីវេលាម៉ោង៣ និង១០ នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នេះ ។

យោងតាមសម្ដីតៃកុងរថយន្ដបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានបើករថយន្ដដឹកប្រេងរបស់ក្រុមហ៊ុន L.H.R ដោយដឹកប្រេងយកទៅដាក់អោយម៉ូយនៅស្រុកស្អាង ខេត្ដកណ្ដាល ហើយក៏បានបើករថយន្ដត្រលប់ទៅកន្លែងវិញនៅអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានធ្វើដំណើរតាមផ្លូវទំនប់៧មករា លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតធ្លាក់ផ្លូវបណ្ដាលអោយក្រឡាប់២-៣ ត្រលប់ចូលទៅក្នុងវាលស្រែបណ្ដាលអោយរងការខូចខាតនិងរងការខូចខាតរថយន្ដតែប៉ុណ្ណោះ ។ ចំណែ កតៃកុងរថយន្ដមិនបានប្រាប់អត្ដសញ្ញាណនោះទេ ។

យោងតាមសម្ដីប្រជាពលរដ្ឋបាននាំគ្នា និយាយថា សង្ស័យមកពីតៃកុងរថយន្ដងងុយដេក ហើយបើករថយន្ដក្នុងល្បឿនលឿនទើបជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងស្រែបែបនេះ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ហើយបានសួរនាំទៅតៃកុងរថយន្ដរួចក៏ត្រឡប់ទៅវិញដោយសារតែ រថយន្ដក្រឡាប់នេះបង្កដោយខ្លួនឯង និងមិនប៉ះពាល់ដល់សម្បត្ដិរដ្ឋ និងបង្ករបួសដល់អ្នកដទៃ ទើបសមត្ថកិច្ចបានអោយតៃកុងរថយន្ដទាក់ទងទៅរករថយន្ដស្ទូចដើម្បីយកទៅជួសជុលដោយខ្លួនឯងវិញតែម្ដងទៅ ៕

អត្ថបទដែលជាប់ទាក់ទង